
មកពីហូបការស្រវឹងជោក យកម៉ូតូស្ទាក់មុខឡានទំនើប ត្រូវអ្នកភូមិព្រួតគ្នាវាយរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកខ្លួន ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ តាមបណ្តោយផ្លូវបេតុង លុះដល់ចំណុចជិត ទីស្នាក់ការ សង្កាត់បឹងទំពុន បានយកម៉ូតូទៅឈប់ នៅមុខរថយន្តដែលកំពុង បើកបញ្ច្រាសទិសគ្នា ហើយដើរទៅគោះទ្វារ រថយន្តហាយឡែនឌ័រ មួយគ្រឿង ភ្លាមៗនោះម្ចាស់រថយន្ត ភ័យស្លន់ស្លោស្មានតែ ចោរស្ទាក់ប្លន់រថយន្ត បានស្រែកឆោ បង្កឲ្យមានការផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នា ព្រួតវាយបុរសនោះ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់វ័យជាង២០ ឆ្នាំ បានជិះម៉ូតូ មួយគ្រឿងម៉ាកសេ១២៥ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BD 5460 ធ្វើដំណើរតាម បណ្តោយ ផ្លូវលេខ២៧១ ចេញពីហូបការមិត្តភាព ហើយបានបត់ចូល តាមច្រកវត្តសន្សំកុសល បាន ឈប់ម៉ូតូ បាំងរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7135 ដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា ។ បន្ទាប់មករថយន្ត ហាយឡែនឌ័រ ក៏បានឈប់បំណងចុះសួរនាំ ប៉ុន្តែត្រូវបុរសរូបនោះ ចុះពីលើម៉ូតូ ដើរទៅគោះកញ្ចក់រថយន្ត ផ្នែកខាងមុខ ភ្លាមៗម្ចាស់រថយន្ត ហាយឡេនឌ័រ ភ័យខ្លាំងពេក បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋនាំគ្នា ព្រួតវាយបណ្តាលឲ្យរងរបួស ផ្ទៃមុខបែកឈាមស្រោចខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ នឹងឃាត់ខ្លួន បុរសរងគ្រោះ ដើម្បីសួរនាំពីហេតុការណ៍ ដែលបានកើតឡើង។ បុរសរងគ្រោះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួន ដើរទៅគោះទ្វារ រថយន្តហាយឡែនឌ័រ គឺដោយសារខ្លួន ស្គាល់ម្ចាស់រថយន្តនោះ ។ នៅទីបំផុតសមត្ថកិច្ច យល់ថា ភាគីជនរងគ្រោះ នឹងម្ចាស់រថយន្តហាយឡែនឌ័រ គឺជាមនុស្សធ្លាប់គ្នាពីមុនមក ដូច្នេះក៏សម្រេច ឲ្យពួកគេសម្រួលគ្នា បញ្ចប់រឿងភ្លាមៗតែម្តង ដោយពុំមានការឃាត់ខ្លួន ជនណាម្នាក់ឡើយ ៕
Source from: watphnom-news.com
Post a Comment