បុគ្គលបោកប្រាស់និងបំផ្លាញសាសនា ធាន វុទ្ធី អាចគេចផុតពីកណ្តាប់ដៃរបស់បុរសខ្លាំងដែរឬទេ ?
នៅវេលាព្រឹកនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ Western នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមចាប់ខ្លួន និង"វាយខ្នោះ"ទៅលើបុគ្គលបោកប្រាស់ និងបំផ្លាញកិត្យានុភាពព្រះពុទ្ធសាសនានៅវត្តទួលរាជាម្នាក់ឈ្មោះ ធាន វុទ្ធី ដែលត្រូវបានរកឃើញកំហុសឆ្គងដោយក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ។
សូមបញ្ជាក់ជូនថា ភាពមិនប្រក្រតីទាក់ទងនឹងអំពើរបស់បុគ្គលឈ្មោះ ធាន វុទ្ធី ដែលធ្លាប់តាំងខ្លួនជាតាបស ជាសម្តេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិ ជាអ្នករកឃើញព្រះផុស អាចទំនាក់ទំនងជាមួយព្រះព្រហ្ម និងព្រះឥន្ទ្របាន រហូតដល់តាំងខ្លួនជាព្រះទី៥ទ្រង់ព្រះនាមព្រះសិរិអារ្យមេតេយ្យានោះ បានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយៗទើបអង្កេតស្រាវជ្រាវរកឃើញនូវកំហុសឆ្គងរបស់បុគ្គលរូបនេះដោយក្រសួងធម្មការ និងសាសនា នៅចុងខែកក្កដា ឆ្នាំ២០១៤នេះប៉ុណ្ណោះ ខណៈដែលបុគ្គលប្រព្រឹត្តផ្តេសផ្តាសឈ្មោះ ធាន វុទ្ធី បានរត់គេចខ្លួនបាត់ស្រមោល ពោលគឺអាជ្ញាធរបានត្រឹមបិទវត្តទួលរាជា ដើម្បីស៊ើបអង្កេតបន្ថែម ។
ឥឡូវនេះ សូមប្រិយមិត្តអ្នកអានទាំងអស់គ្នារង់ចាំតាមដានមើលថា តើបុគ្គលបោកប្រាស់ និងបំផ្លាញសាសនាដ៏ល្បីល្បាញឈ្មោះ ធាន វុទ្ធី អាចមានឱកាសគេចផុតពីកណ្តាប់ដៃរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដែរឬទេ ហើយមានមន្ត្រីកូនចៅបុរសខ្លាំងរូបណាដែលអាចធ្វើជាខ្នងបង្អែក ឬធ្វើជាឧបករណ៍ឲ្យបុគ្គលឈ្មោះ ធាន វុទ្ធី បានរួចខ្លួនគេចផុតពីសំណាញ់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ? ៕
Source from: www.dtn7.com
Post a Comment